ភ្នំពេញ  ៖  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  បានបញ្ជាក់ថា  អភិបាលរាជធានី ខេត្តត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
ក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានីខេត្ត  របស់ ក្រសួងមហាផ្ទៃ  កាលពីថ្ងៃ ទី ១០  ខែកក្កដា  ឆ្នាំ ២០២០  សម្ដេច   ស  ខេង  បានថ្លែងថា  ក្នុងគោលបំណងផ្តល់នូវកិច្ចគាំពារ ដើម្បីរក្សាលំនឹង ជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ (ក្រកម្រិត១ ឬក្រកម្រិត២) ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់។ សម្ដេច  បន្ដថា  បន្ទាប់ពីការអនុវត្តកម្មវិធីនេះ រយៈពេលខ្លីកន្លងមក ភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើងដូចជា ការយកកម្រៃសេវាពីប្រជាពលរដ្ឋ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និងការឃុបឃិតបន្លំដកយកថវិកាប្រជាពលរដ្ឋអ្នកទទួលផល។ ដូច្នេះដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ រដ្ឋបាលរាជធានី ខេត្តត្រូវអនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម ៖
ទី១-ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
ទី២-ត្រូវអនុវត្តជាដាច់ខាតនូវបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវចៀសវាងដាច់ខាតនូវការឃុបឃិត ដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយ មិត្តភក្តិខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ និងជនងាយរងគ្រោះពិតប្រាកដឱ្យទទួលបាននូវប្រាក់ឧបត្ថម្ភ មិនត្រូវគិតកម្រៃសេវា ពីប្រជាពលរដ្ឋ និងមិនត្រូវដកថវិកាសម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្នុងកម្មវិធីនេះ ដោយមូលហេតុណាមួយជាដាច់ខាត
និងទី៣-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់ រដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះរដ្ឋបាលរាជធានី ខេត្តត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ